ខេត្តមណ្ឌលគិរី៖ ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ ភាសាជំនឿសាសនា របស់បងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២០ ខែសីហានេះ នៅស្រុកកោះញែកបានប្រារព្ធពិធីទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៥ និងលើកទី១៥ នៅកម្ពុជា ក្រោមប្រធានបទ ភាសាជនជាតិដើមភាគតិច០៩ សីហា ២០១៩ ក្រោមវត្តមាន លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការដៃគូនានា សហគមន៍ និងប្រជាពលរដ្ឋប្រមាណជា៣០០នាក់ ។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្វពិធីនេះឡើង គឺសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ប្រពៃណី ដ៏ល្អផូរផង់ និងដើម្បីបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ទៅលើបងប្អូនជនជាតិដើមភាគតិច ក្នុងការផ្ដល់ឱកាស និងសិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់អភិវឌ្ឍប្រទេសជាតិ។
បន្ទាប់មកលោក អភិបាលរងខេត្ត បានណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ ជំនឿ សាសនា វប្បធម៏ អត្តសញ្ញាណ របស់បងប្អូនជនជាតិដើមភាគតិច ប្រកបដោយនិរន្តរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ដែលបងប្អូនរស់នៅ។
តាមការបញ្ជាក់ពីលោក យន់ សារ៉ោមប្រធានមន្ទីរអភិវឌ្ឍន៍និងជនបទខេត្តមណ្ឌលគិរីថា នៅក្នុងខេត្តមណ្ឌលគីរី មានជនជាតិដើមភាគតិចចំនួន០៨ជនជាតិ ហើយសព្វថ្ងៃជនជាតិដើមរស់នៅក្នុងខេត្តសរុបចំនួន៤០.២២៨នាក់ ប្រមាណជា៥០ភាគរយនៃចំនួនប្រជាជនរស់នៅក្នុងខេត្តមណ្ឌលគិរី។
លោកប្រធានមន្ទីរបន្តថា សហគមន៍ដែលទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ គឺមានចំនួន៣៥សហគមន៍ និងសហគមន៍ដែលទទួលប័ណ្ណកម្មសិទ្ធិសមូលហភាពចំនួន៧ សហគមន៍ ហើយបងប្អូនជនជាតិដើមភាគតិចរស់នៅមានចំនួន១៥ខេត្តភូមិភាគឥសាន្ត នៃប្រទេសកម្ពុជា ចំពោះការរស់នៅរបស់ជនជាតិដើមភាគតិច គឺមានលក្ខណៈខុសៗគ្នាទៅតាមក្រុមជនជាតិដើមភាគតិចនីមួយៗ ដូចជា ការធ្វើស្រែចំការ ការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ការគោរពប្រពៃណីទំនៀមទំលាប់ ការសែនព្រេន និងការដឹកនាំតាមរបៀបប្រពៃណីជាដើម៕