រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តមណ្ឌលគិរី ជាប់និទ្ទេសA ១នាក់ និងជាប់ចំណាក់ថ្នាក់លេខ២ ទូទាំងប្រទេស

  • 1.2ពាន់
  • ដោយ sonea

មណ្ឌលគិរី៖ ការបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី មានបេក្ខនារី ជាប់និទ្ទេសA ១នាក់ ក្នុងចំណោមបេក្ខជន បេក្ខនារី សរុបចំនួន៤០១នាក់ នាសម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ ហើយការបិទផ្សាយលទ្ធផលនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកញ្ញានេះ។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងបាក់ឌុប សម្រាប់ឆ្នាំនេះ មានចំនួន៤០១នាក់ ស្រី ២២១នាក់ ដោយឡែក ចំពោះ លទ្ធផលនៃការបិទប្រកាសប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តមណ្ឌលគិរី មានចំនួន ៣៥៧នាក់ ស្រី២០០នាក់ ក្នុងនោះ ជាប់និទ្ទេសA ១នាក់ និទ្ទេសB ២នាក់ និទ្ទេសC ៣៥នាក់ និទ្ទេសD ១១២នាក់ និងនិទ្ទេសE ២០៥នាក់ បើគិតជាភាគរយចំនួន៨៩.០៣% ស្រី៩០.៥០%។ លោក ប្រធានមន្ទីរ បានបន្ថែមថា សម្រាប់ឆ្នាំនេះ ខេត្តមណ្ឌលគិរី ពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានបេក្ខនារីម្នាក់ ជាប់និទ្ទេសA ហើយចំពោះលទ្ធផលទាំងនេះ ខេត្តមណ្ឌលគិរី ទទួលបានចំណាក់ថ្នាក់លេខ២ បើប្រៀបធៀបនៅទូទាំងប្រទេស។ លោក ទឹម សង្វាត ប្រធានមន្ទីរ ក៏បានអំពាវនាវដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលប្រឡងជាប់នាពេលនេះមានបំណងចង់បន្តការសិក្សានៅប្រទេសវៀតណាម និងប្រទេសថៃ ដោយបានការឧបត្ថម្ភអារហារូបករណ៍ មួយរយភាគរយ សម្រាប់សិស្សានុសិស្សនៅខេត្តមណ្ឌលគិរី សូមទៅទំនាក់ទំនងនៅមន្ទីរអប់រំ យុវជននិងកីឡាខេត្ត រៀងរាល់ម៉ោងធ្វើការផងដែរ។
បេក្ខនារីម្នាក់ ឈ្មោះ មាស រតនា ដែលជាប់ និទ្ទេសA មកពីវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ថ្នាក់វិទ្យាសាស្រ្ត បានបង្ហាញនូវទឹកមុខសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមិននឹកស្មានមិនដល់ ហើយប្អូនស្រី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនប្អូនស្រី រួមទាំងមិត្តភក្តិទាំងអស់ ជាពិសេស អាណាព្យាបាល ដែលបានខិតខំជំរុញ និងលើកទឹកចិត្តដល់ប្អូនស្រី រហូតបានលទ្ធផលល្អនាពេលនេះ។ បេក្ខនារី ឈ្មោះ មាស រតនា ជាប់និទ្ទេសA បានបន្ថែមថា ចំពោះលទ្ធផលនេះ ប្អូនស្រី ត្រូវខិតខំបន្តទៅបរិញ្ញាបត្របន្ថែមទៀត ដើម្បីចាប់យកអាជីបការងារឱ្យបានច្បាស់លាស់ ក្នុងការចូលរួមចំណែកជួយដល់ក្រុមគ្រួសារ សង្គមជាតិផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញកាត់បើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ សម្រាប់ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបទាំងអស់ ដែលអាចប្រឡងយកនិទ្ទេសA ក្នុងឆ្នាំនេះ លោកឧកញ៉ា អ៊ឹង ស៊ីតាតវីវៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នឹងឧបត្ថម្ភម៉ូតូថ្មីមួយគ្រឿង ទោះបីជាជាប់ប៉ុន្មាននាក់ក៏ដោយ៕

អត្ថបទទាក់ទង