រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់(២០១៧-២០៣០)

  • 746
  • ដោយ sonea

មណ្ឌលគិរីះ លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើការគាំពារទៅលើមនុស្សវ័យចាស់នៅកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងបរិការណ៍ នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃប្រជាសាស្ត្រ និងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។លោក បន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេស គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន បានអនុម័ត គោលនយោបាយជាតិ របស់រាជរដ្ឋាភិបាល ស្តីពី មនុស្សចាស់ (២០១៧-២០៣០) ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ មិនអាចកាត់ថ្លៃបានចំពោះមនុស្សចាស់ ដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
លោក អភិបាលរងខេត្ត ក៏បានសំណូមពរដល់គណៈកម្មាធិការមនុស្សចាស់ឃុំ/សង្កាត់ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយគណៈកម្មាធិការដើម្បីមនុស្សចាស់ ដែលមានមន្ទីរសង្គមកិច្ច ដែលជាសេនាធិការ ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ និងផែនការសកម្មភាពម៉ាទ្រីសរបស់គោលនយោបាយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សវ័យចាស់នៅក្នុងមូលដ្ឋាន និងតាមសហគមន៍រៀងៗខ្លួន។
លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តមណ្ឌលគិរី បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានបន្តគិតគូជាសំខាន់ទៅលើសុខុមាលភាពមនុស្សចាស់ ដែលបានកំណត់ច្បាស់ក្នុងគោលនយោបាយជាតិ ក្នុងកម្មវិធិនយោបាយ និងយុទ្ធសាស្ត្រចុតកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ហើយការងារនេះជាការងារអាទិភាពទី៤ ក្នុងចំណោមការងារជាអាទិភាពទាំង៨ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោក ខឹម សុផុន បន្ថែមថា កាលពីឆ្នាំ២០១៦-២០១៧ មន្ទីរសង្គមកិច្ច បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលាខេត្តមណ្ឌលគិរី បានបង្កើតសមាគមមនុស្សចាស់តាមឃុំ/សង្កាត់បាន ចំនួន២១សមាគម ស្មើនឹង ២១ឃុំ/សង្កាត់ ទូទាំង០៥ ក្រុង/ស្រុក ដែលមានសមាជិកសរុបចំនួន១,១៣២នាក់ ស្រី៣៤០នាក់៕

អត្ថបទទាក់ទង