រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

អភិបាលរងខេត្តមណ្ឌលគិរី ស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

  • 676
  • ដោយ sonea

មណ្ឌលគិរី៖ ដើម្បីឱ្យការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក្នុងខេត្តបានទូលំទូលាយ លើកកម្ពស់នៅជីវភាពប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់កម្រៃចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានស្នើដល់មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការផ្សព្វផ្សាយ និងជូនដំណឹងដល់មុខសញ្ញា ដែលត្រូវទទួលសេវាបណ្តុះបណ្តាលនេះឲ្យបានច្បាស់លាស់ ដូចជា៖ សិស្សបោះបង់ការសិក្សា ស្រ្តីមេម៉ាយ ជនជាតិដើមភាគតិច ក្មេងកំព្រា ជនពិកា និងជនទីទល់ក្រ ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមទទួលវគ្គបណ្តុះបណ្តាលនេះឲ្យបានគ្រប់គ្នា។

លោក លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងត្រួតពិនិត្យគម្រោងបណ្តុះបណ្តាលតាមលិខិតបញ្ជាក់ VSTP (TVETSDP/ADB Loan 3167-CAM) របស់គណៈកម្មការខេត្តបណ្តុះបណ្តាល នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកអភិបាលរងខេត្តបានថ្លៃបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរការងារ ត្រូវពង្រឹងសមត្ថភាព នៃការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសក្នុងមជ្ឈមណ្ឌល ត្រូវបណ្តុះបណ្តាលវីជ្ជាជីវៈដល់ប្រជាបលរដ្ឋទាំងពីរភេទ នូវមុខជំនាញខ្លីៗ ងាយៗតាមតម្រូវការទីផ្សារការងារ មិនតែប៉ុណ្ណោះត្រូវបញ្ជ្រាបផែនការយែនឌ័រដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បើតាមការលើកឡើងរបស់ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី លោក ណយ ចន្ទតារា បានឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំ (២០១០-២០១៩) មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបណ្តុះបណ្តាលវគ្គបច្ចេកទេស សេវាកម្ម ជំនាញ និងកសិកម្ម ដែលមានសិស្សសរុបចំនួន៧.៤០១នាក់ ស្រី ៤.៤៩៧នាក់។
លោកប្រធានមន្ទីរ បន្ថែមថា ដើម្បីចូលរួមចំណែកសម្រេចនូវគោលបំណងនយោបាយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលមានវិធានការដូចជា៖ បង្កើនការទំនុកចិត្តពីសង្គម និងសិស្ស ពីអ្នកត្រូវការជំនាញបច្ចេកទេស ធានាលក្ខ័ណ្ឌក្រោយបញ្ចប់ការសិក្សាមានការងារធ្វើ អភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេស និងវីជ្ជាជីវៈ ជំរុញ និងអភិវឌ្ឍន៍ព័ត៌មានទីផ្សារការងារ បន្តសហការជាមួយឃុំ/សង្កាត់ ស្ថាប័ននានា ក្រុមហ៊ុន សហគ្រាស ក្នុងការស្វែងរកជំនាញ និងកន្លែងការងារ លើកកម្ពស់សមភាពយ៉េនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងពង្រឹងអភិបាលកិច្ចល្អ៕ (រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ត)

អត្ថបទទាក់ទង