រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានីខេត្ត ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ

  • 708
  • ដោយ sonea

សិក្ខាកាមមកពីបណ្តាខេត្តចំនួន០៦ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានីខេត្ត ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ រយៈពេល២ថ្ងៃ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ដើម្បីឱ្យគ្រូបង្គោលថ្នាក់រាជធានីខេត្ត មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលបានចំណេះដឹង និងជំនាញបណ្តុះបណ្តាលថ្មីៗ ក្នុងការផ្សព្វផ្សាយដល់បណ្តាជនបង្គោលថ្នាក់ឃុំ/សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈនៅតាមខេត្តនីមួយៗ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានីខេត្ត ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ រយៈពេល២ថ្ងៃ ដែលមានសិក្ខាកាមមកពីបណ្តាខេត្តចំនួន០៦ រួមមាន៖ ខេត្តកំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ត្បុងឃ្មុំ និងខេត្តមណ្ឌលគិរី សរុបប្រមាណជា៥០នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា គោលបំណង ដើម្បីផ្តល់នូវចំណេះដឹងជាមូលដ្ឋានដល់សិក្ខាកាម ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងផ្តល់ជំនាញបណ្តុះបណ្តាល ដើម្បីពង្រឹងជំនាញសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវ បញ្ជាក់ថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម(២០១៦-២០២៥) រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការនៅថ្ងៃទី០១ ខែមិថុនា ២០១៩ ដែលបែកចែកជា០២ដំណាក់កាល ទី១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធីទៅឱ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាល ទី២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច ដើម្បីគ្រប់គ្រង និងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២០តទៅ។
លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងផ្តល់សេវាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តការលើកកម្ពស់ប្រព័ន្ធគ្រប់គ្រងសង្គម លើវិស័យសុខុមាលភាពមាតា និងកុមារ។ លោក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់ និងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីទៅផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តនីមួយៗ ឱ្យមានការយល់ដឹង និងជំរុញការអនុវត្តកម្មវិធីនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការគាំពារសង្គម៕(រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ត)

អត្ថបទទាក់ទង