រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិឡៅការ ដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដី ទៅត្រួតពិនិត្យផ្ទៀងផ្ទាត់ ឫធ្វើការតវ៉ា ក្នុងរយៈពេល១៥ថ្ងៃ

  • 558
  • ដោយ sonea

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិឡៅការ ដើម្បីឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ដី ទៅត្រួតពិនិត្យផ្ទៀងផ្ទាត់ ឫធ្វើការតវ៉ា ក្នុងរយៈពេល១៥ថ្ងៃ
===========
មណ្ឌលគិរី៖ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រជុំបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីនៅភូមិឡៅការ សង្កាត់សុខដុម ក្រោមវត្តមានលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវយធទាំងបី និងប្រជាពលរដ្ឋដែលប្រព្រឹត្តទៅនៅសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី។ លោក អភិបាលរងខេត្ត បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យ ក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី លោក ម៉ៅ ចំរើន បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងភូមិឡៅការ ដែលមន្ទីរបិទផ្សាយជូនដល់ប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនាពេលនេះ មានក្បាលដីសរុបចំនួន១២៨៩ក្បាលដី ដែលមានទំហំផ្ទៃដីសរុបស្មើនឹង ៥៨៨២ហិកតា ស្មើនឹង ៤២៨គ្រួសារ។ លោក បន្ថែមថា ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ គឺរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ដើម្បីឲ្យអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យដីក្បាលដីនេះ ពិតជាត្រឹមត្រូវ ឬអត់ ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយ ម្ចាស់ដី ត្រូវធ្វើការស្នើសុំកែតម្រូវ ក្នុងរយៈពេល១៥ថ្ងៃនេះ៕ (រូបភាព និងអត្ថបទ៖ មន្ទីរព័ត៌មានខេត្ត)

អត្ថបទទាក់ទង