មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកោះញែក ដោយមានការចូលរួមពីលោក ស្នងការនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរស្រុក មន្រ្តីនៃរដ្ឋបាលស្រុកជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកោះញែកនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈមការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាបលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម អភិបាលខេត្ត ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងត្រូវជំរុញដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការរួមគ្នាទប់ស្កាត់ បង្រ្កាបបទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន ត្រូវលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេស សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកកោះញែក មានមន្ត្រីចំនួន ១៦នាក់ មន្ត្រីដែលត្រូវធ្វើសមារណកម្មពីការិយាល័យជំនាញនៃក្រសួងស្ថាប័ននានា មកស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលស្រុកចំនួន ១២នាក់ គិតទាំងមន្ត្រីកិច្ចសន្យាស្រុកទាំងអស់ ២៨នាក់ផងដែរ៕