រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី០២ អាណតិ្តទី៣

  • 551
  • ដោយ SokMean

មណ្ឌលគិរី៖ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី០៣ ដោយមានការចូលរួមពីលោក អភិបាលរងខេត្តចំនួន២រូប ព្រមទាំង លោក លោកស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំងប្រាំ ដែលប្រព្រឹត្តិទៅនៅអគារប្រជុំក្រមប្រឹក្សាខេត្ត នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និង មានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ ព្រមទាំងបញ្ហាប្រឈមនានាដែល អង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនកន្លងមក។ ហើយរាល់បញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត ក៏បានលើកឡើងអំពីបញ្ហាការគោរពច្បាប់ចរាចរណ៍ នៅក្នុងខេត្តមណ្ឌលគិរី គឺប្រជាពលរដ្ឋភាគច្រើន មិនបានគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដែលក្រសួងបានកំណត់នោះទេ ហើយអ្នកធ្វើដំណើរ តែងតែបំពាន និងល្មើសនូវស្លាកសញ្ញា ដែលមន្រ្តីចរាចរណ៍បានដាក់បង្ហាញ។ លោក អភិបាលរងខេត្ត សំណូមពរដល់មន្រ្តីរាជការ នៃមន្ទីរ អង្គភាព ស្ថាប័ន ទូទាំងខេត្ត ត្រូវរួមគ្នាគោរពច្បាប់ចរចរណ៍ ព្រោះថាការគោរពច្បាប់ចរាចរណ៍គឺផ្ដើមចេញពីយើងទាំងអស់គ្នា និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ។ លោក បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ទាំងអស់ ត្រូវផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលនៅតាមមូលដ្ឋាន ឲ្យពួកគាត់យល់ដឹង អំពីការពាក់មួកសុវត្តិភាព ស្លាកសញ្ញាចរាចរណ៍ គំនូសបង្ហាញផ្លូវ និងភ្លើងសញ្ញា ឲ្យបានយល់ដឹងគ្រប់ៗគ្នា ចៀសវាងគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ក្នុងនោះដែរ លោក អភិបាលរងខេត្ត ក៏បានជ្រើសរើសតំបន់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយដាក់បញ្ចូលស្រុកកែវសីមា ដើម្បីធ្វើការប្រលងប្រណាំង ក្នុងការអនុវត្តច្បាប់ចរាចរណ៍ នៅទូទាំង២៥ខេត្ត/ក្រុងនៅទូទាំងប្រទេស។
ឯកឧត្តម ម៉ែន ង៉ុយ ក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសសើរដល់ គណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ដោយបានគិតពីសុខទុក ក៏ដូចជាការលំបាកនានា ដែលបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ដែលធ្វើឲ្យខេត្តមានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និង មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជាតិមាតុភូមិ ក៏ដូចជាខេត្តមណ្ឌលគិរីផងដែរ៕

អត្ថបទទាក់ទង