មណ្ឌលគិរី៖ មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជិត២០០នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និងលោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីលោក លោកស្រី ស្នងការ ស្នងការរង និងមន្រ្តីនគរបាលជាច្រើនរូបទៀត ដែលបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងថ្មី និងបំពាក់ឋានន្តរស័ក្តិ មានចំនួន១៧៤ នាក់ ក្នុងនោះ ប្រកាសផ្ទេរភារកិច្ចចំនួន ៣៤នាក់ តែងតាំងមុខតំណែងថ្មី ចំនួន២៧នាក់ និង តម្លើងឋានន្តរស័ក្កិចំនួន ១១៣នាក់ រួមមានថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥នាក់ វរសេនីយ៍ត្រីចំនួន៣១នាក់ អនុសេនីយ៍ឯកចំនួន ២០នាក់ អនុសេនីយ៍ទោចំនួន១២នាក់ អនុសេនីយ៍ត្រី១៨នាក់ ព្រិលបាលឯកចំនួន០៥ និង ព្រិលបាលទោចំនួន ០២នាក់ ។
លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើដល់មន្ត្រីដែលទើបប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិថ្មីទាំងអស់ ត្រូវបន្តទប់ស្កាត់ ការបង្ការបង្ក្រាប បទល្មើសគ្រប់ប្រភេទ រួមមានបទល្មើស លួច ប្លន់ប្រដាប់អាវុធ ទប់ស្កាត់ការនាំចេញ-ចូលនូវទំនិញខុសច្បាប់តាមច្រកព្រំដែន បញ្ហាគ្រឿងញៀន ដែលបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្តិភាព៩ចំនុចរបស់រដ្ឋាភិបាល និងការផ្តល់នូវសេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ការបំពាក់ឋានន្តរសក្តិ ផ្ទេរភារៈកិច្ចនាពេលនេះ គឺធ្វើឡើងទៅតាមច្បាប់ស្តីពីលក្ខន្តិករបស់មន្រ្តីនគរបាលជាតិដែល បានរៀបចំតាក់តែងឡើងក្នុងការលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលមានស្នាដៃ ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងសង្គមជាតិ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី បានជំរុញ ដល់មន្ត្រីដែលទើបតែងតាំងថ្មីទាំងអស់ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ត្រូវមានសាមគ្គីផ្ទៃក្នុង បន្តទប់ស្កាត់ បង្ការបង្ក្រាប បទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងទៀត និង ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងរដូវមានទឹកជំនន់នេះ និងហាមដាច់ខាតមិនអោយយកកំលាំងសមត្ថកិច្ចទៅប្រចាំការនៅទីកន្លែងបុគ្គលឯកជន និងហាមយកមធ្យោបាយអង្គភាពរដ្ឋទៅបំរើបុគ្គលឯកជនជាដាច់ខាត៕