មណ្ឌលគិរី៖ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចុះបញ្ជិកាលើសំណុំបែបបទស្ដីពីសហគ្រាស គ្រឹះស្ថានលក្ខខណ្ឌការងារ ការហ្វឹកហ្វឺនកូនជាង និងបេឡាជាតិរបបសន្តិសុខសង្គម ក្រោមវត្តមានលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និងលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងក្រុមហ៊ុន សហគ្រាស សណ្ឋាគារផ្ទះសំណាក់ និងអង្គការក្រៅរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៩ ។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានដឹងឲ្យថា ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាអាទិភាព ចំនួនបី រួមមាន៖ ទី១.ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងការទំនាក់ទំនងវិជ្ជាជីវៈ ទី២.ការអភិវឌ្ឍការងប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ទី៣.ការពង្រឹងអភិបាលកិច្ចល្អក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះនិងបានបង្កើតឲ្យមានក្រុមអធិការកិច្ចការងារចម្រុះធ្វើអធិការកិច្ចបានចំនួន១១លើក ដែលមានចំនួនកម្មករនិយោជិតកើនលើសមុនប្រមាណ៣% ពលករបរទេសបានចេញមកធ្វើប័ណ្ណការងារបានចំនួន៦១នាក់ ក្នុងឆមាសទី១ឆ្នាំ២០១៩ មានការថយចុះ៧០% បើធៀបនឹងឆមាសទី១ឆ្នាំ២០១៨ និងបង្កើនគុណភាពនៃការបណ្ដុះបណ្ឌាលវិជ្ជាជីវៈនៅគ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន អង្គការក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ និង ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់សិស្សនិស្សិតបានចំនួន ៤៨៩ នាក់ ។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានមានប្រសាសន៍ថា តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ បានបញ្ជាក់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងផ្សព្វផ្សាយដល់ម្ចាស់គ្រឹះស្ថានទាំងអស់ ឲ្យយល់អំពីនិតិវីធីក្នុងការបំពេញបែបបទនៃការចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ដែលមាននៅក្នុងខេត្ត ដើម្បីធ្វើអាជីវកម្មរបស់ខ្លួន បានការប្រើប្រាស់ពលកម្មស្របច្បាប់ផងដែរ ។ លោកស្រី អភិបាលរងខេត្ត បានជំរុញដល់គ្រប់ភាគីទាំងអស់ ត្រូវខិតខំអនុវត្តន៍ និងផ្សព្វផ្សាយអំពីបេសកកម្មការងារជាពិសេស មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ត្រូវយកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៍នានារបស់ កម្មករនិយោជិក និង និយោជក និង ប្រាក់ឧបត្ថម្ភផ្សេងៗ ធ្វើយ៉ាងណាឲ្យប្រាក់ចំណូលកម្មករ មានកម្រិតខ្ពស់ មានជីវភាពសមរម្យ និង មានសុខភាពល្អ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ កម្មករ និយោជិត ក្នុងការពិនិត្យនិងព្យាបាលជំងឺដោយឥតថ្លៃ និង លើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ដែលឆ្លងទន្លេគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវបានផ្ដល់ថវិកាចំនួន ៤០ម៉ឺនរៀលបន្ថែមទៀតផង៕