មណ្ឌលគិរី៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារវេទិកាសាធារណៈសម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្តមណ្ឌលគិរី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ប្រារព្ធធ្វើវេទិកាសាធារណៈបានចំនួន ០៥លើក ក្នុងឃុំសង្កាត់ នៃក្រុងស្រុកទាំង៥ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣៥៥នាក់ ស្រ្តី១៧០នាក់ មានសំណួរ បញ្ហាប្រឈម និងសំណូមពរប្រជាពលរដ្ឋបានលើកឡើងសរុបចំនួន ៥៩ករណី ដោះស្រាយបាន ១១ករណី កំពុងដោះស្រាយ ៤៦ករណី និងបញ្ហាប្រឈមដែលមិនទាន់ដោះសា្រយ ០២ករណី
ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន គឺមានគោលបំណងសំខាន់បី ទី១. លើកកម្ពស់ការផ្សារភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល ទី២. ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងទី៣. ដោះស្រាយបូកសរុបសំណើរ និងសំណូមពរបញ្ហាប្រឈមនានា ដើម្បីកំណត់ទិសដៅ និងរកវិធានការដោះស្រាយ ឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានជម្រុញដល់ក្រុមការងារចុះជួយខេត្តមណ្ឌលគិរី ត្រូវបន្តធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវចុះជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីធ្វើយ៉ាងណា ប្រមូលបញ្ហា ឫសំណូមពរទាំងនោះ មកធ្វើការពិភាក្សាគ្នា នៅថ្នាក់ក្រុង/ស្រុក/ខេត្ត និងធ្វើរបាយការណ៍ជូនទៅរាជរដ្ឋាភិបាល។ ឯកឧត្តម បានណែនាំដល់ក្រុមការងារចុះជួយខេត្ត/ក្រុង/ស្រុក ត្រូវផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់នូវរាល់ឧបាយកលពួកជនខិលខូចមួយចំនួន ដែលបង្ករឱ្យចលាចលក្នុងសង្គម ចៀសវាងកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដើម្បីទទួលបាននូវសន្តិភាព ហើយការអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕