មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និទ្ទេសB និងនិទ្ទេសC នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបាននិទ្ទេសA ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា លទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តមណ្ឌលគិរីទាំងមូល នៅក្នុងបរិបទដែលប្រទេសជាតិកំពុងទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសវិស័យអប់រំ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ទៀតថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែបទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀន មានទៅដល់មូលដ្ឋានផ្ទាល់ ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយទៀតត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញ ដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ។
នាឪកាសនោះ ឯកឧត្តម ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀត ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ នឹងឧបត្ថម្ភម៉ូតូ ទោះបីជាប់ប៉ុន្មាននាក់ ក៏ដោយ។
បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ បានឧបត្ថម្ភដល់សិស្សនិទ្ទេសA ជាបេក្ខនារីចំនួន១នាក់ ទទួលបានម៉ូតូZoomer x ស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង និងDabred ១គ្រឿង ដែលជាអំណោយរបស់ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថវិកា 1250 $ ពីសប្បុរសជននានា ចំណែក សិស្សនិទ្ទេសB ៣នាក់ ទទួលបានថវិកាម្នាក់ 200$ និងសិស្សនិទ្ទេសC ៣៦នាក់ ទទួលបានថវិកាម្នាក់ ១៥ម៉ឺនរៀល និងសៀវភៅ វចនានុក្រមខ្មែរ ទាំងនេះជាថវិកា របស់អភិបាលខេត្តមណ្ឌលគិរី និងសប្បុរសជន។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ១២នាក់ ឯកឧត្ដម អភិបាលខេត្ត មណ្ឌលគិរី បានជូនថវិកាម្នាក់២០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ នេះនៅខេត្តមណ្ឌលគិរី មានសិស្សសរុបចំនួន ៤០១នាក់ ស្រី ២២១ ជាប់៣៥៧នាក់ ស្រី២០០នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសAចំនួន១នាក់ជាបេក្ខនារី សិស្សដែលប្រឡងជាប់និទ្ទេសBមានចំនួន៣នាក់ Cចំនួន៣៦នាក់ D112នាក់ E២០៥នាក់ គិតជាភាគរយ៨៩.០៣ភាគរយ ស្រី៩០.៥០ភាគរយ។បើប្រៀបទូទាំងប្រទេសមណ្ឌលគិរីស្ថិតក្នុងរង្វង់ចំណាត់ថ្នាក់លេខ២៕