មណ្ឌលគិរីះ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៤ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី០៣ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្តចំនួន ពីររូប ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សា ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំងប្រាំ ដែលប្រព្រឹត្តិទៅនៅអគារប្រជុំក្រមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៩។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ ព្រមទាំងបញ្ហាប្រឈមនានាដែល អង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនកន្លងមក។ ហើយរាល់បញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។
ជាមួយគ្នានោះដែរ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើរដល់មន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារឲ្យបានល្អប្រសើរ និងខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនៅតាមមូលដ្ឋាន ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សា បន្ថែមថា រាល់ការលំបាក និងទុកកង្វល់របស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់ថ្នាក់នាំ ដែលត្រូវរួមគ្នាដោះស្រាយជូនដល់ពួកគាត់ឲ្យខានតែបាន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសសើរ ដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំយកចិត្តទូកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានដើរកំសាន្តនារដូវបុណ្យភ្ជុំបិណ្ឌដែលកន្លងផុតទៅ ឲ្យទទួកបាននូវសុខសុវត្តិភាពនៅគ្រប់រមណីយដ្ឋាននានា នៅក្នុងខេត្តទាំងមូល។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ក៏សូមអំពាវនាវដល់គ្រប់អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាព គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានជាមុនដើម្បីរៀបចំពិធីហូបអំបុក នៅទូទាំងប្រទេស ថ្ងៃទី០៩ វិច្ឆិកា ដើម្បីប្រឆាំងទៅនឹងជនក្បត់ជាតិ សម រង្សី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ ឲ្យខានតែបានផងដែរ៕