រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រូបសំណាក់ដំរី កម្ពស់ជិត៣ម៉ែត្រ ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងរឹបអូសពីជនល្មើស នឹងរៀបចំដាក់តាំងលើបរិវេណសួនច្បារសែនមនោរម្យ ដើម្បីបង្ហាញដល់សាធារណៈជន និងភ្ញៀវទេសចរ មកទស្សនាកំសាន្តក្នុងខេត្តមណ្ឌលគិរី

  • 945
  • ដោយ sonea


មណ្ឌលគិរី៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមការងារគណៈកម្មការរៀបចំសាងសង់សួនច្បារសែនមនោរម្យ បានចុះមើលទីតាំង ដើម្បីដាក់តាំងរូបសំណាក់ដំរី ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលរឹបអូសបានពីជនល្មើសនានា ដើម្បីកែលម្អសួនច្បារសែនមនោរម្យ ឱ្យមានសោភ័ណ្ឌភាពល្អ និងអាចឱ្យសាធារណៈជន ក៏ដូចជាភ្ញៀវទេសចរ មកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំដាក់តាំងរូបសំណាក់ដំរី នៅលើសួរច្បារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យនាពេលខាងមុខនេះ គឺជារូបសំណាក់ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលមន្រ្តីជំនាញរឹបអូសបានពីជនល្មើសនានា ដែលលួចកាប់ឈើកន្លងមកក្នុងខេត្តមណ្ឌលគិរី។ ឯកឧត្តម បញ្ជាក់ថា រូបសំណាក់ដំរីនេះ មានកម្ពស់២.៨០ម៉ែត្រ សាងសង់ពីគ្រឿងរណាយន្ត ដើម្បីតម្កល់ទុកជាវត្ថុតាំង ដល់សាធារណជន ដូច្នេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ បានធ្វើគម្រោងស្នើសុំទៅក្រសួង ដើម្បីយកវត្ថុតាំងទាំងនេះ កែឆ្នៃទៅជារូបដំរី ដើម្បីដាក់តាំងលើសួនច្បារសែនមនោរម្យ ក្នុងគោលបំណង ទី១. កែលម្អបរិវេណសួនច្បារ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទស្សនាមើល ទី២. រូបសំណាក់ដំរីនេះ ដែលសាងសង់អំពីគ្រឿងរណាយន្តទាំងអស់ ដែលជាវត្ថុតាំង បម្រើការងារឱ្យបទល្មើសដែលរឹបអូសបានពីជនល្មើស និងដើម្បីតម្កល់ទុក ក៏ដូចជាសារមន្ទីរមួយ បង្ហាញពីការកែឆ្នៃ ការដាក់តាំង ទុកឱ្យសាធារណៈជន និងកូនចៅជំនាន់ក្រោយ បានចាត់ទុកថា ស្នាដៃរបស់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញជំនាន់មុន បានគិតគូសាងសង់រូបសំណាក់ដំរីនេះ។ ឯកឧត្តម បន្ថែមថា ការកែច្នៃ និងរៀបចំដាក់តាំងរូបសំណាក់ដំរី នៅលើសួនច្បារសែនមនោរម្យ ១ក្នុងតម្លៃជាង ២ម៉ឺនដុល្លារ នេះគ្រាន់តែថ្លៃឈ្នួល មិនទាន់គិតថ្លៃសម្ភារៈ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំប្រព្រឹត្តបទល្មើសព្រៃឈើ ពិសេស ការកាប់ទន្ទ្រានដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ ហើយថែទាំង សូមបញ្ឈប់មុខរបរកាប់ឈើ ដើម្បីយកទៅលក់ ដែលជាមុខរបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញនូវធនធានធម្មជាតិ ឱ្យងាកមកបង្កបង្កើនមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង។
លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការសាងសង់រូបសំណាក់ដំរីនេះ ដោយមានការគិតគូរពីដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្ត មានការចូលរួមឧបត្ថម្ភពីអង្គការWWF អង្គការWCS និងក្រុមហ៊ុនរ៉េនីសង់ មន្ទីរបរិស្ថានខេត្ត បានរៀបចំកៃឆ្នៃគ្រឿងរណាយន្ត ដែលមន្រ្តីជំនាញរឹបអូសពីជនល្មើស ដើម្បីសាងសង់ធ្វើជារូបសំណាក់ដំរី ចំនួន០១ ដែលមានកម្ពស់២.៨០ម៉ែត្រ ចំណាយថវិកាប្រមាណជាង ២ម៉ឺនដុល្លា សម្រាប់តម្កល់ទុកនៅលើបរិវេណសួនច្បារសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី៕

អត្ថបទទាក់ទង