រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់៧ព្រះវស្សា និងរាប់បាត្រព្រះសង្ឃចំនួន ៣០អង្គ

  • 680
  • ដោយ sonea

មណ្ឌលគិរីះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងខេត្តប្រមាណជាង១០០០នាក់ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ​ព្រះបរមរតនកោដ្ឋ ក្នុង​ខួប៧ឆ្នាំ​ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ​បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​ប្រសូត្រនៅថ្ងៃ១១កើតខែកក្តិកឆ្នាំច ចត្វាស័កព.ស២៤៦៥ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២។ ហើយព្រះអង្គយាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង ​១​,២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុតក្នុង
ឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើបរាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោម
អាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិនិងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។
ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ និងសូមក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ាកុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានរាប់បាត្រព្រះសង្ឃចំនួន ៣០អង្គផងដែរ៕

អត្ថបទទាក់ទង