មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកម៉ូតូដល់មន្ត្រីថ្នាក់ខេត្ត/ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំ សង្កាត់ សម្រាប់អនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំរៀបចំជាមធ្យោបាយសម្រាប់ ផ្តល់ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្មនៅតាមឃុំ/សង្កាត់ ដើម្បីគាំទ្រ និងជំរុញលើវិស័យកសិកម្ម ក្នុងខេត្តឱ្យមានការរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្រ្តី នៃមន្ទីរកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបំប៉ន់ជំនាញ ឱ្យមានការយល់ដឹងពីលក្ខណៈបច្ចេកទេស ដើម្បីផ្សព្វផ្សាយដល់កសិករ ក្នុងការដាំដុះដំណាំនានាឱ្យទទួលបានទិន្នផលល្អ ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងឃុំគោលដៅដែលបានកំណត់ ឱ្យទទួលបាននូវចំណេះដឹង និងលក្ខណៈបច្ចេកទេសតាមការផ្សព្វផ្សាយ និងបណ្តុះបណ្តាលក្នុងមូលដ្ឋាន អំពីផ្នែកនានា នៃវិស័យកសិកម្ម ត្រូវអនុវត្តទៅតាមផែនការរបស់មន្ទីរកសិកម្ម និងអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់ចំណេះដឹងប្រជាពលរដ្ឋ លើវិស័យកសិកម្មនេះឱ្យមានការរីកចំរើន ហើយក៏សូមឱ្យមន្រ្តីកសិកម្ម ត្រូវចូលរួមថែរក្សាមធ្យោបាយទាំងនេះ និងត្រូវប្រើប្រាស់ឱ្យបានសមស្របទៅតាមគោលដៅរៀងៗខ្លួន។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ ត្រូវបានអនុវត្តដោយផ្អែកលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។ កម្មវិធីនេះ គ្រោងអនុវត្តរយៈពេល ០៧ឆ្នាំ រហូតដល់ឆ្នាំ២០២២ ដោយមានចំនួន ២០ខេត្ត ក្នុងនោះខេត្តមណ្ឌលគិរី បានអនុវត្តកម្មវិធីលើក្រុង/ស្រុកចំនួន០៥ និងឃុំ/សង្កាត់ចំនួន១៤ នៅក្នុងខេត្ត។ លោក សុង ឃាង បានបញ្ជាក់ថា មន្ទីរកសិកម្ម ក៏បានទទួលទោចក្រយានយន្តចំនួន៤២គ្រឿង ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងគោលបំណង ដើម្បីការផ្សារភ្ជាប់ផលិតកម្មកសិកម្ម ឆ្ពោះទៅកាន់ទីផ្សារ ដោះស្រាយនូវបញ្ហា ផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ សុវត្ថិភាពអាហារ គាំទ្រការធ្វើអាជីវកម្មកសិកម្មជាក្រុម ឆ្លើយតបទៅនឹងបញ្ហាដែលបានលើកឡើងដោយវេទិការវាងភាគីពាក់ព័ន្ធ ឬការប្រជុំបណ្ដុំអាជីវកម្មកសិកម្ម។ លោក សុង ឃាង បន្ថែមថា ក្នុងឆ្នាំ២០១៩នេះ មន្ទីរ បានរៀបចំអនុវត្តផែនការសកម្មភាពមួយចំនួនដូចជា បានផ្ដល់រោងដាំបន្លែចំនួន០៦ ដល់កសិករនៅក្រុងសែនមនោរម្យ និងស្រុកកោះញែក និងបណ្តុំអាជីវកម្ម បន្លែ ដំឡូងមី ដំណាំក្រូចវល្លិ៍ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូ បណ្តុំអាជីវកម្មមាន់ ជ្រូក ចិញ្ចឹមត្រី និងចិញ្ចឹមឃ្មុំក្នុងសហគមន៍ ដែលមានតាមបណ្តាក្រុង/ស្រុកទូទាំងខេត្ត៕