មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការណ៍ចាំបាច់នានា សម្រាប់សភាពការណ៍បច្ចុប្បន្ន ដោយមានការចូលរួមពីលោកមេបញ្ជាការកងកម្លាំងទាំងបី ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុង/ស្រុក ទូទាំងខេត្ត និងអភិបាលក្រុង/ស្រុកទាំង៥ ក្នុងខេត្ត ដែលប្រព្រឹត្តិទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីទប់ទល់នៃការបំផ្លាញសុខសន្តិភាព ស្ថិរភាពជាតិ ពីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលថ្មីៗនេះ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសរបស់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រកាសអំពីផែនការវិលត្រឡប់ចូលមកកម្ពុជាវិញ នាថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលជាផែនការបានបង្កប់នូវឧបាយកលដ៏ពិសពុល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តម បានបន្តថា ដើម្បីប្រឆាំងនូវរាល់ឧបាយកល និង សកម្មភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព សំដៅការពាររដ្ឋធម្មនុញ្ញ ការពារស្ថាប័ននានារបស់ជាតិ និងរដ្ឋបាលសាធារណៈ ការគោរពច្បាប់ ដើម្បីថែរក្សាសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានស្នើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវចាត់តាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីរៀបចំវេទិកាសាធារណៈសំដៅប្រមូល និងដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ករាប់បទល្មើសនានាក្នុងមូលដ្ឋាន និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនៅតាមមូលដ្ឋានភូមិឃុំរៀងៗខ្លួន ។
ឯកឧត្តម បានអំពាវនាវដល់ប្រជាជនក្នុងខេត្តទាំងអស់ ត្រូវចូលរួមអបអរសាទរពិធីបុណ្យជាតិនានា ពិសេសចូលរួមហូបអំបុកនាថ្ងៃទី០៩វិច្ឆិកាខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នាថែរក្សាការពារវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ និង អបអរថ្ងៃបុណ្យឯករាជ្យជាតិ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ៕