មណ្ឌលគិរី៖ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណតិ្តទី០៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តចំនួនពីររូប ព្រមទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សា មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង/ស្រុកទាំង៥ ដែលប្រព្រឹត្តិទៅនៅអគារក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ ព្រមទាំងបញ្ហាប្រឈមនានាដែល អង្គភាពបានជួបប្រទះក្នុងការអនុវត្តតួនាទីរបស់ខ្លួនកន្លងមក។ ហើយរាល់បញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តន៍រៀបចំគោលនយោបាយកំណែទម្រង់វិមជ្ឈឹការ វិសហមជ្ឈការ ដែលបានធ្វើប្រតិភូកម្ម ពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ត្រូវបានជំរុញយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំបានជំរុញ រៀបចំ តាក់តែង គោលនយោបាយ ក៏ដូចជាលិខិតបទដ្ឋានជាច្រើនដែលពាក់ព័ន្ធទៅនឹងការធ្វើប្រតិភូកម្ម ការផ្ទេរអំណាច ការធ្វើសមាហរណកម្មមន្រ្តី ដែលបានចាប់ផ្ដើមធ្វើសមាហរណកម្មមន្រ្តី នៅថ្នាក់ការិយាល័យ របស់មន្ទីរ អង្គភាពជុំវិញខេត្តនៅថ្នាក់ក្រុង/ស្រុក ត្រូវកាត់បញ្ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរបស់ក្រុង-ស្រុកថ្មី។ ឯកឧត្ដម អភិបាលខេត្ត បានបន្តថា ក្រុង/ស្រុក ពីមុនមានការិយាល័យ១០ តែពេលនេះត្រូវដាក់បញ្ចូលគ្នាឲ្យនៅសល់ត្រឹមតែ៥ ទៅ៦ការិយាល័យតែប៉ុណ្ណោះ។ ឯកឧត្ដម បានបន្ថែមថា ការធ្វើសមាហរណកម្មនៅក្នុងរចនាសម្ព័ន្ធនៅថ្នាក់ក្រុង ស្រុកថ្មី នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដូច្នេះ សូមស្នើដល់មន្ទីងអង្គភាព និងអាជ្ញាធរក្រុង/ស្រុក ត្រូវពន្លឿនកិច្ចការទាំងនេះ ដើម្បីបញ្ចូនទៅក្រសួងមហាផ្ទៃឱ្យបានរួចរាល់។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់បណ្តាមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍ការងារ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានដាក់ចេញឲ្យបានម៉ឺងមាត់ ម៉ត់ចត់ ដើម្បីការពារឲ្យបាននូវសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជាយើងផងដែរ៕