រដ្ឋបាលខេត្តមណ្ឌលគិរី

Mondulkiri Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះ លែងកូនត្រីពូជត្រីឆ្ពិនចំនួន ២ ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ

  • 457
  • ដោយ Admin

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះ លែងកូនត្រីពូជត្រីឆ្ពិនចំនួន ២ ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងប្រជាពលរដ្ឋ បានអញ្ជើញលែងកូនត្រីពូជត្រីឆ្ពិនចំនួន ២ ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលរៀបចំដោយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាល ខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបានរៀបចំពិធីលែងកូនត្រីនេះឡើង ដើម្បីបង្កើនស្តុកត្រីបន្ថែមក្នុងដែនធម្មជាតិ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីសារៈសំខាន់ នៃប្រភពធនធានជលផល ក្នុងតំបន់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមចំណែកថែរក្សាការពារប្រើប្រាស់ និងគ្រប់គ្រងប្រភពធនធានជលផល ប្រកបដោយនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ។ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ធ្វើការណែនាំអប់រំ ឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភេទឧបករណ៍នេសាទស្របច្បាប់ និងចូលរួមសកម្ម ក្នុងសកម្មភាពទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវធ្វើការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ និងបង្កើនការដាំដំណាំបន្លែ ទៅតាមបច្ចេកទេស របស់ មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើននូវជីវភាព របស់បងប្អូនប្រជាពលរដ្ឋកើនឡើងបន្ថែមមួយកម្រិតទៀត។នាឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការអភិវឌ្ឍ អាងស្តុកទឹកទំនប់លើ ឱ្យក្លាយទៅជារមណីយដ្ឋានកម្សាន្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកដំណើរកំសាន្តទស្សនា នៅក្នុងខេត្តមណ្ឌលគិរី កើនឡើងបន្ថែមទៀត ពីព្រោះខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៃភូមិភាគឦសាន របស់ព្រះរាជាណាចក្រកម្ពុជា ហើយថ្មីៗនេះខេត្តមណ្ឌលគិរី បានទទួលពានរង្វាន់ទីក្រុងនិរន្តរភាព បរិស្ថានអាស៊ានលើកទី៥ (ដីស្អាតសម្រាប់ទីក្រុងតូច)។តាមការបញ្ជាក់ ពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី អាងស្តុកទឹកទំនប់លើនេះ មានទំហំ ៣ហិចតា មានវិសាលភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ហើយក៏ជាជម្រកត្រីសម្រាប់ពងកូន នឹងមានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការចូលរួមចំណែកបម្រើដល់វិស័យទេសចរណ៍ ដូចជា៖ ការស្ទូចត្រី លំហែកម្សាន្តជាដើម៕

អត្ថបទទាក់ទង